ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹងជញ្ជូន នៅថ្ងៃទី១៩ ខែសីហា នេះ បានដាក់ចេញនូវសេចក្ដីណែនាំចំនួន ៧ ចំណុចដល់មន្ត្រីក្រោមឱវាទរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីអនុវត្តការងារភារកិច្ច ប្រកបដោយក្រមសីលធម៌។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន មានមន្ត្រីមន្ទីរសាធារណការខេត្តសៀមរាបម្នាក់បានប្រព្រឹត្តនូវកំហុសឆ្គង តាមរយៈការប្រើប្រាស់ អាកប្បកិរិយា មិនសមរម្យ ដោយបានយកជើងចង្អុលស្លាកលេខរថយន្តអ្នកទៅទទួលសេវា ក្នុងពេលផ្តល់សេវាជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីណែនាំចុះហត្ថលេខា ដោយរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់មន្ត្រីក្រសួងអនុវត្តដូចខាងក្រោម៖
១. ត្រូវបំពេញតួនាទីបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ សេចក្ដី ថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់។
២. ត្រូវប្រកាន់ខ្ជាប់ឥរិយាបទជាមន្ត្រីល្អ ជាអ្នកបម្រើល្អ និងផ្ដល់សេវាសាធារណៈល្អដល់ប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុក្ខដាក់ខ្ពស់ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ
ទំនុកចិត្ត និងការគោរពស្រឡាញ់ជូនប្រជាពលរដ្ឋទូទៅ។
៣. ត្រូវកែសម្រួលរបៀបរបបការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្តែងជូនប្រជាពលរដ្ឋដែលមកទទួលសេវាឲ្យបានល្អបំផុត។
៤. ត្រូវផ្ដល់ពត៌មានឲ្យបានច្បាស់លាស់នូវនីតិវិធី និងបែបបទផ្សេងៗ ស្របតាមបទបញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ និងត្រូវដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
៥. ត្រូវចូលរួមអនុវត្តយន្តការកាត់បន្ថយនីតិវិធីស្មុគស្មាញ និងស៊ាំញ៉ាំ ដើម្បីភាពងាយស្រួលដើម្បីប្រជាពលរដ្ឋងាយស្រួលទទួលសេវាសាធារណៈ។
៦. មិនត្រូវប្រើប្រាស់តួនាទី និងមុខតំណែងរបស់ខ្លួនឯងទៅគំរាមកំហែង ឬបង្កការលំបាកដល់ប្រជាពលរដ្ឋឡើយ។
៧. ត្រូវចេះសម្របសម្រួល និងមានទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដើម្បីបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត៕