នៅព្រឹកថ្ងៃទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានចប់អណត្តិជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា។
លោក George Edgar បានមានប្រសាន៍ពីការងារ និងសមិទ្ធផលសំខាន់ៗរបស់ឯកឧត្តមនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានបំពេញការងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា។ លោក ធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាហើយបានរស់នៅកម្ពុជារយៈពេល៧ឆ្នាំមកហើយ។
លោក George Edgar បានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញជាពិសេសលើវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ហើយ EU និងប្រកាសជួយដល់កម្ពុជានៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារសម្រាប់វិស័យជលផល ដែលជាវិស័យមួយដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវឡូនេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនតែម្ដងកាលពីឆ្នាំ២០១២ ។ ហើយ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ៕