ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិព័រណ៍ឧស្សាហកម្ម ជាការអភិវឌ្ឍវិស័យឧស្សាហកម្ម និង វិនិយោគទុនបរទេសនៅកម្ពុជា

 

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកព្រឹត្តិការពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន អន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិ ជាការជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ការវិនិយោគទុនរបស់បរទេសនៅកម្ពុជា ។

លោកសុន សេងហួត អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមសម្ពោធ “ពិព័រណ៍ឧស្សាហកម្មគ្រឿង ម៉ាស៊ីនអន្តរជាតិកម្ពុជា ២០១៩ និង “ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិកម្ពុជា ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ។

លោកអនុរដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសហការជាមួយបណ្តាអង្គភាព ដូចជាសមាគមកាត់ដេរកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងទៀត ។ការរៀបចំព្រឹត្តិការណ៍ឧស្សាហកម្ម គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនូវបច្ចេកវិទ្យាពីបរទេស និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាក្នុងស្រុក ជាពិសេសគឺជាការជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការវិនិយោគទុនបរទេសនៅកម្ពុជា ដែលជាផ្នែកមួយក្នុងការលើកស្ទួយដល់សកម្មភាពនាំចេញ និងនាំចូល ក៏ដូចបង្កើតនូវឱកាសសម្រាប់បណ្តាឧស្សាហករ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នៃការស្វែងរកធុរកិច្ចថ្មីៗ។

លោកឧកញ៉ា នួន ម៉ងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបាននូវកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ៧% នៅក្នុងទសវត្សកន្លងមក ។

លោកឧកញ៉ា​ បានបញ្ជាក់ទៀតថា ផ្នែកឧស្សាហកម្មបានដើរតួនាទីមួយដ៏សំខាន់ និងជាគន្លឹះក្នុងការជំរុញកំណើន អនាគតកម្ពុជា ចំពោះបណ្តាសហគ្រាសធុនតូច និងមធ្យម ក៏ជាចំណុចសំខាន់ដែល កំពុងផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាជាពិសេសឧស្សាហកម្មគ្រឿងម៉ាស៊ីន ដែលកំពុងបម្រើដល់ផលិតកម្មនានានា នឹងត្រូវបានចាត់ទុកថា ជាតួនាទីដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការទ្រទ្រង់ពាណិជ្ជកម្មសេរី នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច ៕