ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍៖ ជើងហោះហើរត្រង់ជាលើកដំបូងពីភ្នំពេញ-ដាណាង (វៀតណាម) នឹងចាប់ផ្តើមចុងខែវិច្ឆិកាឆ្នាំ២០១៩

 

ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិ (Cambodia Angkor Air) ដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅខេត្តដាណាង ប្រទេសវៀតណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

លោករដ្ឋមន្ត្រី បានសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ នឹងស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។

លោកថោង ខុន បានបញ្ជាក់ថា ក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។

ចំពោះសំណើខាងលើនេះ លោកអគ្គនាយកក្រុមហ៊ុនក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម៕