ភ្នំពេញ៖ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងការបរទេស បានប្រកាសថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីឡាវ នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីប្រកាសបញ្ជាក់ទៀតថា នាយករដ្ឋមន្ត្រីទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
ក្រសួងការបរទេស បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស បន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ច នៅប្រទេសឡាវ មុនពេលនាយករដ្ឋមន្ត្រីឡាវ នឹងមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញាចុងសប្តាហ៍នេះ៕