ភ្នំពេញ៖ ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍ម៉ាក្រូសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន និងមន្រ្តីជំនាញរបស់កម្ពុជា និងយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោក Yasuhisa Ojima ប្រធានស្ថានតំណាងថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងជំនួប ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោក Yasuhisa Ojima អំពីតម្រូវការ និងការពង្រឹងសមត្ថភាពមន្រ្តីជំនាញសម្រាប់កម្ពុជា អំពីផលប៉ះពាល់នៃបញ្ហាប្រឈម និងហានិភ័យទាំងក្នុងនិងក្រៅ មកលើស្ថានភាពសេដ្ឋកិច្ច ទំហំពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ និងកិច្ចអភិវឌ្ឍសង្គម ។
ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទាន សម្រាប់ក្របខ័ណ្ឌ និងយុទ្ធសាស្រ្តនៃការគាំទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គួរផ្សារភ្ជាប់និងមានសង្គតិភាព ជាមួយនឹងក្របខ័ណ្ឌ យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុកម្ពុជាតែម្តង ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ដោយផ្តោត លើការងារមួយចំនួនដូចជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំសម្របសម្រួល ការកែទម្រង់ប្រព័ន្ធថវិកាយុទ្ធសាស្រ្តកៀរគរចំណូល ។
ចំពោះការគ្រប់គ្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដូចជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និងយន្តការតាមដាន និងវាយតម្លៃ ក្នុង កម្មវិធីបណ្តុះបណ្តាលពិសេសដាច់ដោយឡែកសម្រាប់បង្កើនសមត្ថភាពជំនាញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឬដោះស្រាយបញ្ហាជាក់ស្តែងណាមួយដែលកើតមានឡើង ក្នុងពេលអនុវត្តន៍កម្មវិធី ៕