ភ្នំពេញ៖ គណៈកម្មាការមូលបត្រកម្ពុជា មានគម្រោងវិនិយោគរួម គ្នាឲ្យកាន់តែធំ និងកាន់តែច្រើន ដើម្បីវិនិយោគនូវគម្រោងធំៗ ដែលចាត់ទុកជាកំលាំងកាតលីករ រុញដល់កំណើនសេដ្ឋកិច្ច ។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក) បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្តល់អាជ្ញារប័ណ្ណជូនដល់គម្រោងវិនិយោគរួមរបស់ក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន បានបង្កើតឡើងក្នុងជំនឿទុកចិត្តសម្រាប់គម្រោងប្រតិបត្តិការទំាងអស់ គឺស្ថិតនៅក្រោមការត្រួតពិនិត្យពីគណៈកម្មាការមូលបត្រកម្ពុជា សម្រាប់ក្រុមហ៊ុនរកស៊ីទទួលទានដោយស្របច្បាប់ និងច្បាស់លាស់នៅក្នុងមុខរបរ។
លោកអគ្គនាយករូបនេះ បន្តទៀតថា ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ ក្រុមហ៊ុនត្រូវតែបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដល់ដៃគូវិនិយោគ គឺត្រូវបណ្តុះបណ្តាលពីអ្នកធុរកិច្ច ឬអ្នករកស៊ីទទួលទាន ឲ្យក្លាយទៅជាអ្នកវិនិយោគ ។ ដើម្បីឈានទៅដាក់ទុនក្នុងគម្រោងវិនិយោគរួម ពោលគឺការបង្កើនទុនរួមគ្នាកាន់តែធំ និងកាន់តែច្រើន សម្រាប់ការវិនិយោគនូវគម្រោងធំៗ ដែលចាត់ទុកជាកំលាំងកាតលីករដ៏សំខាន់ ក្នុងការរុញដល់កំណើនសេដ្ឋកិច្ច សម្រាប់ជាប្រយោជន៍របស់ក្រុមហ៊ុន និងការចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិផងដែរ ។
លោក អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន មានសមាជិក ជិត១ពាន់នាក់រួចមកហើយ ក្នុងនោះក្រុមហ៊ុននឹងធ្វើជម្រាញ់យកសមាជិកណា ដែលមានជោគជ័យនៅក្នុងអាជីវកម្មរបស់ គាត់ ជាអាជីវកម្មខ្នាតតូច ដែលត្រូវការទុនបន្ថែមក្នុងការវិនិយោគ ។
លោកអោម សេងបូរ៉ា បានលើកឡើងថា ក្រោយពីក្រុមហ៊ុនទទួលអាជ្ញារប័ណ្ណពីគណៈកម្មាការមូលបត្រកម្ពុជា ក្រុមហ៊ុននឹងបន្តបានសិក្សាជាមួយសហគ្រិន ដែលជាម្ចាស់អាជីវកម្មអនុវត្តន៍បានល្អ ដោយមានគោលបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងនោះក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប និងសិក្សាវាយតម្លៃនៅលើក្រុមហ៊ុនទាំងនោះ មុននឹងមកចាប់ដៃគូរនៅក្នុងគម្រោងវិនិយោគរួម នឹងមុនដាក់ចូលទៅគណៈកម្មាការមូលបត្រកម្ពុជា ធ្វើការត្រួតពិនិត្យ និងអនុម័ត បន្ទាប់មកក្រុមហ៊ុននឹងចាប់ផ្តើមប្រមូលទុនពីសាធារណៈ ដើម្បីអនុវត្តន៍គម្រោងរួមជាមួយគ្នា ។
សូមបញ្ជាក់ថា សម្រាប់គម្រោងវិនិយោគរួម ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន ស៊ីអុីអូ ម៉ាសស្ទ័រក្លឹប អុិនវេសមុិន គ្រោងវិនិយោគលើវិស័យអចលនទ្រព្យ វិស័យបច្ចេកវិទ្យា និងវិស័យអប់រំ ដែលជាវិស័យចម្បង និងមានវិស័យផ្សេងៗទៀត៕