ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យចូលរួម អនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រា ព្រមទាំងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី។
ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការបរិភោគចំណីអាហារ និងផឹកស្រា ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤-២៨ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្រសួងសុខាភិបាល ក៏បានណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញានៃការពុលស្រា សូមស្វែងរកដំបូន្មានជាបន្ទាន់ នៅមណ្ឌលសុខភា ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក ។
ក្រសួងសុខាភិបាល បានណែនាំនូវវិធានការដ៏សាមញ្ញ ៩ចំណុច នៅពេលកាន់ និងរៀបចំម្ហូបអាហារ រួមមាន៖
១-ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារ ដែលស្អាត និងឆ្អិនជានិច្ច
២-ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោមបន្ទោរបង់
៣-លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤-សំអាតសម្ភារប្រើសម្រាប់ចម្អិតអាហារឲ្យបានត្រឹមត្រូវ
៥-ចម្អិតអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦-ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៧-កុំរក្សាទុកអាហារក្នុងកំដៅធម្មតា លើសពី ២ម៉ោង
៨-មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពបក៏ដោយ។ ក្នុងនោះ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០ អង្សាសេ។
៩-កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់៕