ភ្នំពេញ ៖លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍លើ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង មានអគារខ្ពស់ៗជាច្រើន កំពុងរីកដុះដាល រួមជាមួយការរចនាម៉ូតយ៉ាងល្អប្រណិត និងទាន់សម័យ ជាពិសេសគម្រោងសាងសង់លំនៅឋាន កំពុងឈានមុខគេ សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
លោក រដ្ឋលេខាធិការថ្លែងលើកឡើងបែបនេះក្នុងពិធីតាំងពិព័រណ៌ វិស័យអគារ សំណង់ និងឧស្សាហកម្មផ្នែកមេកានិច និងអេឡិចត្រូនិចខ្នាតអន្តរជាតិលំដាប់ថ្នាក់លេខ១ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
នៅក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងតំបន់រាជធានី ក្រុង និងទីប្រជុំជន ក្នុងនោះគម្រោងសាងសង់លំនៅឋាន និងភូមិគ្រឹះ រួមជាមួយសំណង់លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម កំពុងសាងសង់លេចធ្លោជាងគេលើគម្រោងផ្សេងៗ ។
សូមបញ្ជាក់ថា គិតមកដល់ត្រឹម ខែសីហា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេស មានចំនួនប្រមាណ ៣១៧៥ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះសរុប ៥៩៨៦ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ១២,២ លានមែ៉ត្រការ៉េ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគោលយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លាង មុនីរិទ្ធ បានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍វិស័យសំណង់នេះ បើតាមសំណើរសំុសាងសង់តាមគម្រោងនីមួយៗមាន ការសាងសង់លំនៅឋាន និងភូមិគ្រឹះមានជាង ២ ពាន់គម្រោង។សំណង់ឧស្សាហកម្ម ១៣៨ គម្រោង ។ សំណង់ពាណិជ្ជកម្ម ១៧៦ គម្រោង។ សំណង់ទេសចរ ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមានចំនួន ១៨គម្រោង។
ចំណែកសំណង់សាធារណៈមានប្រមាណ ៥៦ គម្រោង ការប្រើប្រាស់ថវិការរាជរដ្ឋាភិបាលមាន ១៨ គម្រោង ថវិការវិស័យឯកជន ៣៦ បច្ចុប្បន្នគម្រោងសាងសង់លំនៅឋាន និងភូមិគ្រឹះ រួមជាមួយសំណង់ឧស្សាហកម្ម និងពាណិជ្ជកម្ម កំពុងលេចធ្លោជាងគេ នៅក្នុងគម្រោងសាងសង់ផ្សេងៗផងដែរ ៕