(ណាននីង-ក្វាងស៊ី ប្រទេសចិន)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនាសណ្ឋាគារ Grand Metropark ទីក្រុងណាននីង ខេត្តក្វាស៊ី ប្រទេសចិន ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗមកពីវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០នាក់។
លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ពីទំនាក់ទងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងចិន និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គម លើវិស័យដទៃទៀតដូចជា ហិរញ្ញវត្ថុទូរគមនាគមន៍និងព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារឱ្យមានភាពរីកចម្រើន។
តាមរយៈដៃគូយុទ្ធសាស្ត្រនេះបានជំរុញទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានមានសន្ទុះកើនឡើងក្នុងទំហំទឹកប្រាក់ប្រមាណ៥៨៧.៨៧ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ទី២របស់ប្រទេសចិន។
លោករដ្ឋមន្រ្តីបានរំលេចទៀតថា« ចំពោះកិច្ចសហប្រហតិបត្តិការទ្វេភាគី កម្ពុជា-ចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វប្បធម៌ ការទូតនិងរវាងប្រជាជននិងប្រជាជនមានការរីកចម្រើនជាលំដាប់ ដោយឈរលើស្មារតីគោរពជឿទុកចិត្តគ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ»។
លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំង២កម្ពុជា-ចិន សម្រេចបាន ៦ ៤៥៧ លានដុល្លារកាលពីឆ្នាំ២០១៨ កន្លងទៅប្រទេសចិនឈរក្នុងលំដាប់លេខរៀងទី១នៃការវិនិយោគនៅកម្ពុជាដែលកាលពីឆ្នាំ២០១៨កន្លងទៅចិនបានដាក់ទុនវិនិយោគប្រមាណ ៣ ៥៩៤ លានដុល្លារលើវិស័យកាត់ដេរ អគ្គីសនី រោងម៉ាស៊ីនកិនស្រូវកសិ-ឧស្សាហកម្ម រ៉ែនិងថាមពល សំណង់ និងធ្យូងថ្មរីឯចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាក៏មានការកើនឡើងរហូតជាង ២ លាននាក់កាលពីឆ្នាំកន្លងទៅ។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាបានគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ ជាក់ស្តែង សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះបានចំនួន ១១លើកកន្លងមកហើយ ដែលចំនួននេះច្រើនជាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃ។
កម្ពុជាបានចូលរួមពិព័រណ៍ចិន-អាស៊ានបានចំនួន ១៦លើក គិតចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩នេះ ដោយទទួលបាននូវផលប្រយោជន៍ជាផ្លៃផ្កា ដូចជាបានធ្វើឱ្យទំនិញកម្ពុជា បានជ្រៀតចូលទីផ្សារចិន កម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន៤ទីតាំង ក្នុងខេត្តចំនួន៤ផ្សេងគ្នា។តាមរយៈពិព័រណ៍នេះមានក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសចិនបានបោះទុនវិនិយោគច្រើនពាន់លានដុល្លារនៅកម្ពុជា និងជាវេទិកាសម្រាប់ទាក់ទាញ និងកៀរគរទេសចរចិនចូលមកកំសាន្តប្រទេសកម្ពុជាផងដែរ។