ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួបជា មួយលោក Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន និងឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹង វិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម។
លោកKanji KATO បានបញ្ជាក់ថា ដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំំណរគុណ និងវាយតម្លៃចំពោះ រដ្ឋមន្ត្រីវេង សាខុន ដែលបានផ្តល់កិច្ចសហការណ៍យ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមជនបទ។
លោករដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណ ដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ គួរជាទីមោទន ភាព ។
ជាក់ស្តែងថ្មីៗនេះ អង្គការ JICA បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍សារធាតុគីមីនិងវេចខ្ចប់បន្លែសុវត្ថភាព វាក់សាំងការពារជំងឺអុតក្តាម និងការងារពង្រឹកសហគមន៍កសិកម្ម ហើយជាងនេះទៅទៀត ។ជប៉ុនបានអនុញ្ញាតឲ្យភាគីកម្ពុជា នាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារជប៉ុនផងដែរ។
លោករដ្ឋមន្ត្រីកម្ពុជា សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេស កម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងជាពិសេសជំរុញការនាំចេញកសិផលកសិកម្មកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ៕