ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋសភាបន្តសម័យប្រជុំ និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម និងសមធម៌សង្គម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនបី គឺសេចក្តីព្រាង ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

សេចក្តីព្រាងច្បាប់ខាងលើ សុទ្ធសឹងជាសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលនឹង ក្លាយជាបទដ្ឋានគតិយុត្តក្នុងការលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងរបបសន្តិសុខ សង្គម សម្រាប់គំាទ្រដល់កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិស័យបច្ចេកវិទ្យា និង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនឡើង ស្រប តាមសម័យកាល។

សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។សេចក្តីព្រាងច្បាប់នេះ មាន១២ជំពូក និង៦៧មាត្រា នឹងផ្តល់វិធានជាមូលដ្ឋាន ដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្រៅប្រទេស ប្រកបដោយទំនុកចិត្ត ហើយនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា ក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្ត នានា ដែលគំាទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និង ជីឌីថល ចំាបាច់ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថល រឹងមាំមួយ ព្រមទំាងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ ឧស្សាហកម្មទី៤។

ចំណែក សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ដែលមាន១១ជំពូក និង៥១មាត្រា នោះវិញ នឹងក្លាយជាច្បាប់សម្រាប់ការការពារផលប្រយោជន៍ អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាព ពាណិជ្ជកម្ម ការពារសិទ្ធិនិងផលប្រយោជន៍ អ្នកប្រើប្រាស់ គំាទ្រទីផ្សារឱ្យមាន ការប្រកួតប្រជែងទំាងតម្លៃ គុណភាពទំនិញ និងសេវា។

ដោយឡែកចំពោះសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដែលមាន១១ជំពូក ចែកចេញជា១០៧មាត្រានោះ ជាសេចក្តីព្រាងច្បាប់ដែលមានវិសាលភាពទូលំ ទូលាយ ដែលនឹងជំនួសឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទំាងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ សេចក្តីព្រាងច្បាប់របប សន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមមួយ តាមគោលការណ៍សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទំាសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់ បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពី ការងារ គិតរួមទំាងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទំាង បុគ្គលស័្វយនិយោជន៍៕