ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា កិច្ចចរចាពាណិជ្ជកម្មរវាងតំណាងជាន់ខ្ពស់របស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានកន្លងផុតទៅមួយថ្ងៃហើយ ប៉ុន្តែកិច្ចចរចានេះ ហាក់ដូចជាមិនទទួលបានលទ្ធផលជាដុំកំភួននោះទេ ។
ក្រុមតំណាងក្នុងកិច្ចចរចានេះ ខាងសហរដ្ឋអាមេរិកដឹកនាំដោយលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ និងលោក Robert Lightizer តំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិក ហើយខាងចិនវិញ ដឹកនាំដោយលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ។
នៅថ្ងៃសុក្រនេះ គឺជាថ្ងៃទី២ដែលក្រុមតំណាងនៃប្រទេសទាំងពីរបើកកិច្ចចរចាបន្ត ប៉ុន្តែក្តីបារម្ភនៅត្រង់ថា ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផលជាវិជ្ជមានទេ អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិន ក្នុងអត្រា៣០% លើទំនិញក្នុងតម្លៃទឹកប្រាក់២៥០ពាន់លានដុល្លារ ៕