ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ជាការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ

 

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោកដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយ ក្នុងគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។

តាមរយៈវិស័យអភិរក្សបេតិកភណ្ឌ និងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

 លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា​បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំដើម្បីលើកកម្ពស់បរិស្ថានឱ្យមានពណ៍បៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិ្សណយអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ ក្នុងបំណងបម្រើដល់សេវាកម្មទេសចរណ៍និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។

ផ្ទុយទៅវិញ កន្លងមកនេះមានការផ្សព្វផ្សាយ និងចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាពនៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ។

ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និងគិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល បានបញ្ជាក់ទៀតថា ការប្រើប្រាស់រូបភាពដែលពុំឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងបច្ចុប្បន្ន ពុំមែនជារឿងល្អប្រសើរទេ។ ខ្លឹមសារដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាក់ស្តែងនៃតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានធ្វើនាបច្ចុប្បន្ននេះ ដូចជាការរៀបចំចំណត ការដាំស្មៅ ដាំផ្កា ដាំដើមឈើ។ល។ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែកើនឡើងមិនខាន។

សូមរួមគ្នាបំផុសនិងផ្សព្វផ្សាយរូបភាពល្អៗ និងភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ ៕

ប្រភពពីអាជ្ញាធរជាតិអប្សរា