ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងមហាផ្ទៃ៖ចេញនូវវិធានការ៨ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ៖ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ នាពេលខាងមុខនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន ៨ចំណុច។ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព

យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្របពេលជាមួយនេះ ចលនាក្រុមឧទ្ទាមក្រៅច្បាប់ ក៏បានប្រកាសដាក់ចេញនូវគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលនៃការប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ របស់ ឧក្រិដ្ឋជនសម រង្ស៊ី និងបក្ខពួក នៅចំពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ។

ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព និងការគ្រប់គ្រងឱ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេស ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត អនុវត្តនូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

១. អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវត្តមាននៅរាជធានី ខេត្តសាមី ជាប់ជាប្រចាំ ចាប់ពីដើមខែវិច្ឆិកា រហូតដល់ពិធីបុណ្យជាតិ ទាំងពីរខាងលើ ត្រូវបានប្រារព្ធ ចប់សព្វគ្រប់។ ទន្ទឹមនេះ ត្រូវរៀបចំចាត់ចែងមន្ត្រីប្រចាំការ នៅតាមសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈដោះស្រាយសភាពការណ៍ចំពោះមុខ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

២. រាជធានី ខេត្តនីមួយៗ ត្រូវចាត់ចែងរៀបចំពីធីបុណ្យជាតិខាងលើនេះ ស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។

៣. ត្រូវបញ្ជា ដឹកនាំ និងសម្របសម្រួលកងកម្លាំងមានសមត្ថកិច្ច ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើរទន្ទឹមនឹងការជំរុញការចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ នៅគ្រប់មូលដ្ឋានទូទាំងរាជធានី ខេត្ត។

៤. ត្រូវដឹកនាំ ណែនាំដល់មេបញ្ជាការ កងកម្លាំងមានសមត្ថកិច្ចនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យត្រួតពិនិត្យវត្តមានកម្លាំងក្រោមឱវាទ និងគ្រប់គ្រងចាត់ចែងប្រើប្រាស់កម្លាំង ស្របតាមផែនការ ដែលបានកំណត់ និងត្រួតពិនិត្យជាប្រចាំនូវការអនុវត្តផែនការនេះ ជាពិសេសការចាត់តាំងអនុវត្តតាមសេចក្តីណែនាំលេខ ០៣៩ សណន ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្តីពីការរៀបចំការការពារសុវត្ថិភាពមន្រ្តីដឹកនាំថ្នាក់ក្រោមជាតិ ។

៥. រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ និងអង្គភាពជំនាញជុំវិញរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ត្រូវបង្កើនការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ ឱ្យបានហ្មត់ចត់ស្របតាមលិខិតបទដ្ឋាន និងគោលការណ៍កំណត់។

៦. ដឹកនាំ ណែនាំដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី ខេត្តនីមួយៗ ធ្វើការតាមដានក្តាប់សភាពការណ៍សកម្មភាពចលនាក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋ ប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវអប់រំ ប្រជាជនឱ្យចៀសវៀងការចូលរួមក្នុងសកម្មភាពណាមួយ នៃគម្រោងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

៧. ដឹកនាំ ណែនាំដល់គណៈបញ្ជាការក្រុង ស្រុក ខណ្ឌ ដើម្បីដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរ ឃុំ សង្កាត់ ភូមិ ឱ្យពង្រឹងកិច្ចសហការបង្កើនការគ្រប់គ្រងការចេញ-ចូល របស់ប្រជាជនស្របតាម លិខិត បទដ្ឋានកំណត់ និងគ្រប់គ្រងមុខសញ្ញានានាតាមគោលការណ៍ជំនាញ។ ទន្ទឹមនេះ ត្រូវដឹកនាំ និងបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមពិសារអំបុកសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។

៨. រាជធានី ខេត្ត ដែលមានទូកមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ត្រូវចាត់តាំងអភិបាលរងរាជធានី ខេត្ត ០១រូប ដើម្បីដឹកនាំ ចំណុះទូក និងអ្នករួមដំណើរ ដើម្បីធ្វើការសម្របសម្រួលជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចាត់ចែងទីកន្លែងស្នាក់នៅ ការថែរក្សាសុខភាព អនាម័យ និងកិច្ចសហការចូលរួមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងពិធីបុណ្យនេះ៕