ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាមេរិកនឹងទទួលអាជ្ញាប័ណ្ណលក់ផ្នែកផ្សំឲ្យក្រុមហ៊ុន Huawei ចិននៅពេលខាងមុខ

លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកានេះថា ក្រុមហ៊ុនអាមេរិកមួយចំនួន អាចនឹងទទួលបានអាជ្ញាប័ណ្ណក្នុងការលក់ផ្នែកផ្សំផលិតទូរស័ព្ទដៃ និងបច្ចេកវិទ្យាឲ្យទៅក្រុមបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ប្រទេសចិន ។ នេះយោងតាមការចុះផ្សាយរបស់ RT ។

លោក Wilbur Ross បានបន្ថែមថា ក្រុមហ៊ុនអាមេរិកប្រមាណ២៦០ក្រុមហ៊ុន បានដាក់សំណើទៅក្រសួងពាណិជ្ជកម្ម ក្នុងការសុំអាជ្ញាប័ណ្ណលក់ផលិតផលរបស់ខ្លួនឲ្យទៅក្រុមហ៊ុន Huawei ចិន ក្រោយពីរដ្ឋាភិបាលអាមេរិក បានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ និងបញ្ឈប់ក្រុមហ៊ុនអាមេរិកមិនអោយលក់បច្ចេកវិទ្យា និងផ្នែកផ្សំផលិតទូរស័ព្ទដៃទៅអោយក្រុមហ៊ុន Huawei ចិន ។

សូមបញ្ជាកថា មូលហេតុដែលរដ្ឋាភិបាលអាមេរិកបានសម្រេចចុះបញ្ជីខ្មៅនូវក្រុមបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ប្រទេសចិន គឺដោយសាររដ្ឋាភិបាលអាមេរិកយល់ឃើញថា បច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Huawei គឺជាប្រព័ន្ធបច្ចេកវិទ្យាឈ្លបយកការណ៍ពីប្រទេសដែលប្រើប្រាស់ប្រព័ន្ធនេះ ៕