ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងវិស័យឧស្សហកម្ម នៅឆ្នាំ ២០២០ ខាងមុខ អនុវិស័យកាត់ដេរត្រូវបានព្យាករណ៍ថា នឹងមានកំណើនទាប ដោយសារការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលអាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃប្រពន្ធអនុគ្រោះពន្ធ ជាមួយនឹងដៃគូប្រទេសដែលនាំចូលមួយចំនួន ។
ចំពោះវិស័យសំណង់ បើយោងតាមនិន្នាការថ្មីៗនេះ អនុវិស័យអាចប្រឈមនិងការកែសម្រួលទីផ្សារ ដែលអាចធ្វើឲ្យវិស័យនេះថមថយខ្លះៗ ។ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កំណើននៃវិស័យឧស្សាហកម្ម នឹងអាចថមថយមកក្នុងរង្វង់អត្រា ៨,៩% ខណៈឆ្នាំ២០១៩ ឡើងដល់ ១០, ៧%, ដោយសារការរំពឹងទុកនៃកំណើនយឺត នៃអនុវិស័យកាត់ដេរ និងកំណើនយឺតបន្តិចនៃវិស័យសំណង់ តែទោះបីយ៉ាងណាវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំងសម្រាប់ទីផ្សារនាំចេញនិងទីផ្សារក្នុងស្រុក នឹងអាចរក្សាបានកំណើនល្អជាងឆ្នាំ២០១៩ ផងដែរ ។
សម្រាប់វិស័យឧស្សាហកម្ម នៅឆ្នាំ២០២០ ទោះបីអនុវិស័យឧស្សាហកម្មមួយចំនួនមានកំណើនថមថយបន្តិចនៅ យ៉ាងណាក្តី តែអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរដូចជា៖ វិស័យម្ហូបអាហារ និងភេសជ្ជៈ, ឧស្សាហកម្មតម្លើងគ្រឿងយន្ត, គ្រឿងបង្គុំអេឡិចត្រូនិច, គ្រឿងបន្លាស់, គ្រឿងសង្ហារឹម, និងវិស័យសំណង់ជាដើម ទាំងសម្រាប់បម្រើឲ្យការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុក នឹងមានសន្ទុះកើនឡើងខ្ពស់ ទាំងក្នុងទិដ្ឋភាពក្នុងការពង្រីកវិនិយោគដែលមានស្រាប់ រួមជាមួយទិដ្ឋភាពនៃការវិនិយោគថ្មី ៕