ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វ៉ាត់ ចំរើន ផ្ដាំកីឡាករគ្រប់គ្នា​​ឱ្យបន្តការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍនិងមកអុំទូកនៅឆ្នាំក្រោយៗទៀត

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ដែលបាន ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកថា នៅពេលត្រលប់ទៅកាន់ភូមិស្រុកវិញសូមចូលរួមថែរក្សាការ​ពារសន្តិភាពបន្តទៀតដើម្បីបន្តការ អភិវឌ្ឍក្នុងប្រទេសនិងមានឱកាសមកចូលរួមប្រណាំងទូកនៅឆ្នាំក្រោយៗទៀត។

ការថ្លែង របស់លោក វ៉ាត់ ចំរើនធ្វើឡើងនាឱកាសលោកចូលរួមសំណេះសំណាលនិងថ្លែងអំណរគុណដល់ក្រុមកីឡាករចំណុះទូកទាំង៣មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ(ទូកងចំនួន២ និងទូកចែវចំនួន១)ក្នុងនាមតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារាត្រីថ្ងៃ១២ខែវិច្ឆិកា។

លោក វ៉ាត់ ចំរើន បានថ្លែងថា «យើងទាំងអស់គ្នាឃើញភាពរុងរឿងនៅនឹងភ្នែកយើងកំពុងកសាងវប្បធម៌ខ្មែរស្រលាញ់ខ្មែរស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ការស្រលាញ់គ្នាឱ្យតម្លៃគ្នាទៅវិញទៅមកលើក​​​​ទឹកចិត្តគ្នាទៅ វិញទៅមកគឺជាពេលវេលាដែលយើងកសាងសង្គមយើងឱ្យរីកចម្រើនទៅថ្ងៃមុខ ដូច្នេះសូមចូលរួមរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើន»។

លោកអះអាងទៀត​​​ថា ចាញ់និងឈ្នះមិនមែនជាទីបញ្ចប់នៃការប្រឡងនោះទេ វាគ្រាន់ជាការវាស់ស្ទង់នូវសមត្ថភាពកីឡាហើយគ្មានអ្វីប្រសើរជាងការវាស់ស្ទង់នោះទេ។ ការចូលរួមសំខាន់ជាងការប្រកួតប្រជែងស្មារតីកីឡាគេ ជួយគាំទ្រទាំងអ្នកចាញ់និងអ្នកឈ្នះដែលគេហៅស្មារតីដែលលេងដោយយុត្តិធម៌(Fair Play)។

លោក វ៉ាត់ ចំរើន បានបន្ថែម​​ថា ការខិតខំរបស់ប្រជាពលរដ្ឋនិងកីឡាករគ្រប់គ្នាគឺបានបង្ហាញនូវសុឆន្ទៈនៃការស្រលាញ់ការចូលចិត្តនិងបានបង្ហាញពីការខិតខំប្រឹងប្រែងដែរហើយអ្វីដែលកើតឡើងក្នុងរយៈពេល៣ថ្ងៃនេះ បាន បន្សល់ទុកនូវអនុស្សាវរីយ៍នៃការសាមគ្គីភាពនៃការធ្វើការរួមគ្នានៃការចេះពីរបៀបធ្វើការជាក្រុម (Team Work Spirit)។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍រំលឹកថា​​«គូប្រកួតណាក៏មិនចង់ចាញ់ដែរតែក៏មិនត្រូវលោភលន់ចង់ឈ្នះដោយអសីលធម៌ដែរ ដែលនាំឱ្យបាត់សេចក្ដីថ្លៃថ្នូរនិងបរិយាកាសល្អក្នុងព្រះរាជពិធីបុណ្យ»៕