ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទេសចរណ៍ ៖ ប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍លើកទី១ សម្រាប់ឆ្នាំ២០១៩-២០៣០

 

ភ្នំពេញ ៖  ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នៅសណ្ឋាគារហ្គាដិនស៊ីធី (Garden City) រាជធានីភ្នំពេញ។

ពិធីបើកវេទិកានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯពិធីបិទវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

វេទិការយៈពេល ០១ថ្ងៃទី១៩ ខែវិច្ឆិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុង ឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍ អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៦០០នាក់។

សូមបញ្ជាក់ថា វេទិកានេះនឹងមានវាគ្មិនល្បីៗ មកពីក្រសួងស្ថាប័នរដ្ឋ អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន សមាគម សហគមន៍ ចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ហើយចុងបញ្ចប់នៃវេទិកានេះនឹងមានចេញសេចក្តីថ្លែងការណ៍ (Declaration) លើកទី១ ស្តីពីការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ៕