ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា បានបង្ហាញគម្រោងផែនការចាំបាច់មួយចំនួន ដែលត្រូវសហការជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នផ្សេងទៀត ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ សេវាកម្ម ធនធានមនុស្ស ពិសេសផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរ ដើម្បីបន្តឱ្យមានកំណើនទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន។
ជំនួបពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងបានលើកឡើងពីគោលនយោបាយជាតិអេកូទេសចរណ៍ ដែលទើបប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅក្នុងរយះពេលកន្លងទៅថ្មីៗនេះ។
លោកបណ្ឌិតសុខ ទូច បានបង្ហាញគោលបំណងចំនួន៤ ចំណុច ៖
ទី១ រាជបណ្ឌិត្យសភាកម្ពុជា ចង់បង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងទេសចរណ៍ ដែលគោលបំណងនេះគឺប្រសព្វជាមួយសំណើរបស់ក្រសួងទេសចរណ៍។
ទី២៖ រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបកប្រែភាសាបរទេស សម្រាប់ទេសចរមកពីប្រទេសនីមួយៗ ដោយសុំការចូលរួមពីក្រសួងទេសចរណ៍ឱ្យបានជិតស្និទ្ធផងដែរ។
ទី៣៖ រាជបណ្ឌិត្យសភាកម្ពុជា ចង់ធ្វើផែនទីទេសចរណ៍ដែលបង្ហាញពីគោលដៅទេសចរណ៍នានានៅកម្ពុជា ទោះបីជាដល់កន្លែងណាក៏ដោយ។
ទី៤៖ រាជបណ្ឌិត្យសភាកម្ពុជា មានបំណងចង់បង្កើតឱ្យមានសារមន្ទីរអប្សរានៅខេត្តសៀមរាប ដើម្បីដើរតួជាផលិតផលទេសចរណ៍ថ្មីដ៏មានប្រសិទ្ធភាពមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងស្នាក់នៅយូរក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតសុខ ទូច បានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា ធ្វើឱ្យក្រសួងទេសចរណ៍ទទួលបាននូវគំនិតថ្មីៗមួយចំននួនថែមទៀត ក្នុងការយកទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការសម្រេចសមិទ្ធផលផ្សេងៗបន្ថែមទៀត៕



