ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់ឱកាសដល់ធុរជនចិនដែលមានបំណងវិនិយោគនៅកម្ពុជា

 ភ្នំពេញ៖  លោក លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង និងជាអតីតអនុរដ្ឋមន្រ្តីការបរទេស ចិន បានដឹកនាំធុរជនចិនចំនួន ២៥ ក្រុមហ៊ុន ចូលមកវិនិយោគនៅកម្ពុជាលើវិស័យ បច្ចេកវិទ្យា អេឡិកត្រូនិក អប់រំ មេកានិក អគ្គីសនី វេជ្ជសាស្រ្ត ខ្សែកាប អចលនទ្រព្យ សំណង់ និងវិស័យសណ្ឋាគារជាដើម។

នៅថ្ងៃទី ២១ ខែវិច្ឆកា ឆ្នំា២០១៩នេះ ក្នុងជំនួប ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក លូ ស៊ីនហ័រ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទេ្វរភាគី ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ជាពិសេសការស្វែងដៃគូវិនិយោគជាមួយនិងធុរកិច្ចកម្ពុជា និងអ្នកធុរជនចិន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបើកចំហរស្វាគមន៍ចំពោះធុរជនចិនដែលមានបំណងចូលមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា សប្បាយចិត្តបំផុត ចំពោះកិច្ចសហការការងារយ៉ាងជិតស្និទ្ធជាមួយធុរជនចិន ដែលមានបំណងស្វែងរកដៃគូជាមួយសភាពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធុរជនចិនជាច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានទីតាំងល្អស្ថិតនៅចំកណ្តាលអាស៊ី និងជិតប្រទេសចិន ជាពិសេសកម្ពុជា មានស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ ក្នុងរង្វង់៧ភាគរយជារៀងរាល់ឆ្នាំ ។ កម្ពុជាបើកឱកាសដ៏ទូលាយសម្រាប់វិនិយោគិនបរទេសដែលបានផ្តោតយកចិត្តទុកដាក់វិនិយោគនៅកម្ពុជា ដែលមានវិស័យធំៗចំនួន៤ ដូចជា វិស័យកសិកម្ម រ៉ែ ថាមពល អចលនទ្រព្យ និងសំណង់ និងវិស័យទេសចរណ៍ជាដើម៕