ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្មថ្មី ធ្វើកិច្ចការសំខាន់ចំនួនបី ជូនប្រជាជន និងប្រទេសជាតិ ។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលទើបទទួលបានការតែងតាំង ឱ្យទៅបម្រើការងារជាទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស។
សូមបញ្ជាក់ថា កិច្ចការសំខាន់បី រួមមាន ៖ ទី១ ប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីភាព និងភាតរភាព ក្នុងពេលបំពេញកាតព្វ កិច្ចនៅក្រៅប្រទេស ។ ២ ខិតខំជំរុញការនាំចេញផលិតផលខ្មែរ និងទី ៣ ជួយកៀងគរវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន និងប្រទេសជាតិ។
លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តតំណាងពាណិជ្ជកម្មទាំងអស់ ធ្វើការសិក្សាអំពីគោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រជាតិផ្សេងៗ ជាពិសេសយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម CTIS ថ្មីឆ្នាំ ២០១៩-២០២៣ ដើម្បីជាពុទ្ធិចែករំលែកដល់អ្នកការទូត ធុរជន និងវិនិយោគិនបរទេស ហើយត្រូវចេះធ្វើទំនាក់ទំនងគ្នាជាប្រចាំ ដើម្បីផ្លាស់ប្តូរព័ត៌មាន រាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមជូនថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានស្នើដល់ទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្ម ធ្វើការស្មោះត្រង់ចំពោះជាតិ និងត្រូវប្រកាន់ឥរិយាបទទន់ភ្លន់ជានិច្ច ជាមួយសមានចិត្តទូលំទូលាយ ដើម្បីជួយយកអាសារប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរ ដែលកំពុងប្រកបការងារ ឬធ្វើធុរកិច្ចនៅក្រៅប្រទេស ក៏ដូចជាការធ្វើទំនាក់ទំនងជាមួយមន្ត្រីអនុព័ន្ធមកពីវិស័យផ្សេងៗ នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជា នឹងនាំមកនូវវឌ្ឍនភាពកាន់តែប្រសើរថែមទៀត សម្រាប់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ ៕