ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម បង្ហាញដល់បណ្តា មន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុកតាមមុខព្រួញរាជធានី-ខេត្ត ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។
លោករដ្ឋមន្រ្តី លឹម គានហោ បានដាក់ចេញនៅផែនការណ៍ ៥ចំណុចរួមមាន ៖
ទី ១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ។
ទី ២- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹកជាក់ស្តែង និងមានវិធានការយ៉ាងណានៅពេលជួបការខ្វះខាតទឹក។
ទី ៣- បណ្តាវិធានការដែលក្រសួងបាន និងកំពុងអនុវត្តនាពេលកន្លងមក។
ទី ៤- មូលហេតុអ្វីបានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផល ត្រូវបានបាត់បង់ ឬរួមតូច បណ្តាលមកពីអ្វី?។
ទី ៥- ការត្រួតពិនិត្យលំអិតបន្ថែមពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ ៕