នាវាដឹកប្រេងធុនធំមួយគ្រឿង ឈ្មោះ Nave Constellation ដឹកប្រេងឥន្ធនៈប្រមាណជាង២លានបារ៉ែល ដោតទង់ជាតិទីក្រុងហុងកុង និងជានាវាដឹកប្រេងរបស់ក្រុមហ៊ុន Navios Tankers Management នៃប្រទេសក្រិក ត្រូវបានក្រុមចោរសមុទ្រចាប់ជំរិតនៅសមុទ្រនៃប្រទេសនីហ៊្សេរីយ៉ា ដែលនេះបើយោងតាម Reuters។
មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនីហ៊្សេរីយ៉ា និងបុគ្គលិកនាវាដឹកប្រេង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ ថា ក្រុមចោរសមុទ្រមួយក្រុម បានចាប់ជំរិតបុគ្គលិកចំនួន១៩នាក់នៅលើនាវាដឹកប្រេងមួយគ្រឿង នៅចម្ងាយ៧៧ម៉ាយពីកោះ Bonny នៃប្រទេសនីហ៊្សេរីយ៉ា ខណៈដែលនាវាដឹកប្រេងនោះកំពុងធ្វើដំណើរទៅកាន់អាហ្វ្រិកខាងលិច។
មន្ត្រីដដែលបានបន្តថា បុគ្គលិកទាំង១៩នាក់នៅលើនាវាដឹកប្រេងនោះ គឺមានជនជាតិឥណ្ឌាចំនួន១៨នាក់ និងជនជាតិទួរគីម្នាក់ ដោយក្រុមចោរសមុទ្របានបន្សល់ទុកបុគ្គលិកចំនួន៧នាក់ផ្សេងទៀតនៅលើនាវាដឹកប្រេងនោះដែរ ដោយមិនចាប់ជំរិតទេ៕