ប្រព័ន្ធផ្សព្វផ្សាយ Eyewitness News បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូនេះថា ចាប់តាំងពីរដូវរងារចូលមកដល់ កំណើននៃអ្នកជម្ងឺផ្តាសាយនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង ១លាន៧សែននាក់នៅទូទាំងប្រទេស ដែលជាកំណើនខ្ពស់គួរឲ្យបារម្ភ ។
លោក ស្កុត អេភើសិន (Scott Epperson) មន្ត្រីវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺរបស់សហរដ្ឋអាមេរិក (U.S. Center for Disease Control and Protection) បាននិយាយថា បច្ចុប្បន្ននេះ មានអ្នកជម្ងឺផ្តាសាយជាង១លាន៧សែននាក់ ដោយអ្នកជម្ងឺជាង១៦០០០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជម្ងឺប្រមាណជាង៩០០នាក់ផ្សេងទៀតបានបាត់បង់ជីវិតពាក់ព័ន្ធនឹងជម្ងឺផ្តាសាយនៅទូទាំងប្រទេស ។
លោក ស្កុត អេភើសិន បានបន្ថែមថា កាលពីឆ្នាំ២០១៧ និង២០១៨កន្លងទៅ ជម្ងឺផ្តាសាយនៅរដូវរងារដូចគ្នានេះ បានឆ្លងរាលដាលទៅកាន់មនុស្សប្រមាណជាង៨១០០០០នាក់ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជម្ងឺផ្តាសាយប្រមាណ៦១០០០នាក់បានបាត់បង់ជីវិត ៕