ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េ ចុះអនុស្សារណៈ ជាមួយក្រសួងធនធានទឹក និងឧតុនិយម លើគម្រោងពិនិត្យសង្កេតធាតុអាកាសស្វ័យប្រវត្តិនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចុះហត្ថលេខារួម លើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងដំឡើងប្រព័ន្ធពិនិត្យ សង្កេតធាតុអាកាសស្វ័យប្រវត្តិនៅកម្ពុជា សម្រាប់បម្រើឲ្យការព្យាករណ៍ និងប្រកាសព័ត៌មានជាមុន ពីគ្រោះធម្មជាតិនៅកម្ពុជា ក្រោយជំនួយឥតសំណង ផ្តល់ដោយរដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង H.E. Mr. Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ លើគម្រោងដំឡើងស្ថានីយឧតុនិយមស្វ័យប្រត្តិ២៧កន្លែង នៅតាមបណ្តាខេត្ត ដែលពុំទាន់មានស្ថានីយឧតុនិយមគ្រប់គ្រាន់​​​ ព្រមទាំងបំពាក់គ្រឿងបរិក្ខារឧតុនិយមមួយចំនួនទៀត សម្រាប់ទ្រទ្រង់ដល់ការព្យាករណ៍ធាតុអាកាស និងប្រព័ន្ធប្រកាសជូនដំណឹងជាមុន ស្តីពីគ្រោះថ្នាក់ធម្មជាតិដែលកើតនៅកម្ពុជា។

នៅក្នុងអនុស្សរណៈដដែលនេះ កូរ៉េ នឹងបញ្ជូនអ្នកបច្ចេកទេសរបស់ខ្លួនមកជួយបណ្តុះបណ្តាលមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងប្រទេសកម្ពុជា និងធ្វើការបណ្តុះបណ្តាលបន្ថែមនៅប្រទេសកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីឧតុនិយមកម្ពុជា ក្នុងការព្យាករធាតុអាកាសឲ្យបានកាន់តែសុក្រិត៕