ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកអាចនាំចេញទៅកាន់ទីផ្សារចិនក្នុងបរិមាណច្រើនជាងពីរដងនៅឆ្នាំក្រោយ

លោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) តំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះថា សហរដ្ឋអាមេរិកអាចនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់ប្រទេសចិន ក្នុងបរិមាណច្រើនជាងពីរដង បើប្រៀបធៀបនឹងឆ្នាំ២០១៩នេះ ចាប់ពីឆ្នាំ២០២០ ខាងមុខ តទៅ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។

លោក រ៉ូបឺត ឡាយធីស័រ បានបន្តថា កំណើនពីរដងនៃបរិមាណទំនិញអាមេរិក ដែលនឹងនាំចេញទៅកាន់ទីផ្សារចិន គឺភាគច្រើនជាងផលិតផលកសិកម្ម មានសណ្តែងសៀង សាច់គោ សាច់ជ្រូក និងផលិត ផល កសិកម្មជាច្រើនមុខផ្សេងទៀត ដែលអាចជួយពង្រីកទីផ្សាររបស់ប្រជាកសិករអាមេរិកបានយ៉ាងច្រើន ។

សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ស្ថានភាពសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសចិន និងសហរដ្ឋអា មេរិក ហាក់ដូចជាធូរស្រាលបន្តិច ក្រោយពីប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ និងលេខ២លើពិភពលោក បានផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក ដោយចិនបានសម្រេចទទួលទិញផលិតផលកសិកម្ម ពីប្រជាកសិករសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ បន្ថែមទៀត ។

ចាប់ផ្តើមពីឆ្នាំ២០២០ ខាងមុខនេះទៅ ហើយសហរដ្ឋអាមេរិក ក៏បានយល់ព្រមផងដែរ ក្នុងការផ្អាកការដំឡើងតម្លៃពន្ធនាំចូលពីប្រទេសចិន ក្នុងតម្លៃទឹកប្រាក់ប្រមាណ១៦០ពាន់លានដុល្លារ ដែលអាមេរិកនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ៕