ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើក ទី១៤ ឆ្នាំ២០១៩” នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានរួមចំណែក ផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា ដែលមានសន្តិភាពពេញបរិបូរ បង្ហាញពីបរិយាសកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យផ្សេងៗ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងបានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសទាំងអស់បានជួបពិភាក្សាគ្នាសំដៅជំរុញការធ្វើធុរកិច្ច និងវិនិយោគទៅវិញទៅមកឱ្យកាន់តែសកម្មឡើងថែមទៀត។

សម្តេចតេជោ បានជំរុញលើកទឹកចិត្តដល់ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ពាណិជ្ជកម្មទាំងអស់ ចូលរួម និងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត លើកិច្ចការ   ធុរកិច្ច និងវិនិយោគរបស់ខ្លួន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួង បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនៅតាមបណ្តារាជធានី-ខេត្តក្នុងក្របខណ្ឌទូទាំងប្រទេស បានរៀបចំទិវាជាតិប្រើប្រាស់ផលិតផលខ្មែរក្នុងគោលនយោបាយជំរុញចលនាភូមិមួយ ផលិតផលមួយ រៀបចំវេទិកាលើកកម្ពស់ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ និងផ្លែឈើខ្មែរ ក្នុងគោលបំណងបំផុសចលនាប្រជាជនកម្ពុជា ឱ្យ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យបានច្រើនជាអតិបរមា ដែលសកម្មភាពទាំងនេះទទួលបានការគាំទ្រច្រើនពីមហាជនទូទៅ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ ពិព័រណ៍ពាណិជ្ជកម្មនេះ មានការចូលរួមគាំទ្រពីបណ្ដាប្រទេសនៅក្នុងតំបន់ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលមានស្ដង់សរុបជិត៤០០ស្ដង់ ដើម្បីតាំងបង្ហាញផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រាប់តាំងពីការប្រើប្រាស់នៅតាមគេហដ្ឋាន រហូតដល់វិស័យសណ្ឋាគារ និងធនាគារ។ ពិព័រណ៍ពាណិជ្ជកម្មនេះ ក៏មានរៀបចំនូវកម្មវិធីដូចជា៖ ជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខា លើគម្រោងវិនិយោគនានា ហើយបើកជូនសាធារណជន ចូលទស្សនាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕