ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនSmart Axiata បានបោះទុនវិនិយោគ១,៤០០លានដុល្លារលើច្ចេកវិទ្យាថ្មីនិងប្រព័ន្ធល្បឿនលឿន5G

ប្រធានក្រុមហ៊ុន Axiata Group Berhad លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ក្នុងជំជួបពិភាក្សាការងារជាមួយសម្តេចតេជោនៅថ្ងៃ ទី ១៧ ខែធ្នូនេះថា ក្រុមហ៊ុន Smart Axiataបានបោះទុនវិនិយោគនៅកម្ពុជាអស់ប្រមាណ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។

លោកបានថ្លែងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ ហើយក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោក TAN SRI បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុន Smart Axiata មានឱកាសបានចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។

សម្រាប់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោក TAN SRI និងក្រុមហ៊ុន Smartដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាតាមកម្មវិធីមនុស្សធម៍នានរបស់ក្រុមហ៊ុន។

សម្តេចតេជោបានសុំអោយក្រុមហ៊ុនពិចារណាពង្រីកវិសាលភាពរបស់ក្រុមហ៊ុនឲ្យគ្របដណ្ដប់ទៅលើទីជនបទអោយបានច្រើនទូលំទូលាយ ជាពិសេស សម្ដេចតេជោបានស្នើសុំឲ្យក្រុមហ៊ុនពិចារណាក្នុងការជួយផ្តល់នូវសេវា Internet ដល់សាលារៀនរួមទាំងសាកលវិទ្យាល័យ និងវិទ្យាល័យព្រមទាំងនៅតាមបណ្ណាល័យជាដើម។

ក្រៅពីនេះនៅមន្ទីរពេទ្យ ដើម្បីធ្វើយ៉ាងណាឲ្យគ្រូបង្រៀន និស្សិត និងសិស្សានុសិស្សមានឱកាសប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បីបង្កើនការសិក្សាស្រាវជ្រាវពង្រីកចំណេះវិជ្ជាដើម្បីពង្រឹងគុណភាព និងសមត្ថភាពធនធានមនុស្សអោយកាន់តែរីកចម្រើន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំឲ្យក្រុមហ៊ុន Smart Axiata ពិចារណាពិនិត្យមើលប្រព័ន្ធស្មាតនៅក្រៅប្រទេស (Roaming) ផងដែរ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត អាចដំណើរការទៅបានទាំងការហៅចេញចូល និងប្រព័ន្ឋ Internet អោយបានល្អនៅក្រៅប្រទេសអោយបានច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកោតសរសើរប្រព័ន្ធស្មាតដែលជាប្រព័ន្ធដ៏ល្អមួយដែលមានល្បឿនលឿនជឿទុកចិត្តបាន។ តាមរយៈការពង្រីកវិសាលភាពថែមទៀតទាំងនៅក្នុងស្រុក និងក្រៅស្រុកគឺនឹងធ្វើអោយកាន់តែពេញនិយមពីប្រជាពលរដ្ធ និងយុវជនសិស្សានុសិស្សជាមិនខាន ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុន Smart Axiata កំពុងមានសក្ដានុពលឈានខ្លាំងផ្នែកវិស័យ Telecommunication ដែលទាក់ទាញបានជំនឿជឿជាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា៕