ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនាវាដឹកយន្តហោះចម្បាំងទី២របស់ខ្លួន ឈ្មោះ ហ្សានតុង (Shandong) ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post ។ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។
ពិធីប្រគល់នាវាដឹកយន្តហោះចម្បាំងទី២ទៅឲ្យកងទ័ពជើងទឹកចិន ត្រូវបានធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹកចិន សាន់យ៉ា (Sanya) ដែលមានទីតាំងនៅភាគខាងត្បូងនៃកោះហៃណាន នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងមានជម្លោះដណ្តើមកម្មសិទ្ធិដែនទឹកជាមួយប្រទេសវៀតណាម ព្រុយណេ ហ្វីលីពីន និងម៉ាឡេស៊ី ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១២កន្លងទៅ ប្រមុខដឹកនាំកំពូលរបស់ប្រទេសចិន បានប្រគល់នាវាដឹកយន្តហោះចម្បាំងចម្បាំងទី១ឈ្មោះ លីអៅនីង (Liaoning) ដែលជានាវាដឹកយន្តហោះចម្បាំងរបស់អតីតសហភាពសូវៀត ហើយចិនបានទិញពីប្រទេសអ៊ុយក្រែន និងយកទៅជួសជុលឡើងវិញ ប៉ុន្តែនាវាដឹកយន្តហោះចម្បាំងទី២របស់ចិន ហ្សានតុង នេះ គឺត្រូវបានផលិតនៅចិនផ្ទាល់ ទាំងវត្ថុធាតុដើម ប្រព័ន្ធបច្ចេកវិទ្យា និងទាំងសម្ភារៈផ្សេងៗ ៕