(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការប្រកួតកីឡាពីព្រលឹមទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីប្រដាល់គុនខ្មែរអន្ដរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រដោយលោកបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏ដូចជាផ្ដល់នូវទស្សនិយភាព និងភាពសប្បាយជូនភ្ញៀវជាតិ និងអន្ដរជាតិ ។
លោកបានថ្លែងថា ក្នុងចំណោមកីឡាជាច្រើនប្រភេទ គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតលក្ខណៈអន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក។ចំពោះប្រដាល់គុនខ្មែរអន្ដរជាតិ នឹងមានការចូលរួមពីកីឡាករ-កីឡាការិនីមកពី ៨ប្រទេសឯណោះ ។ឯកីឡាមហាជនមានដូចជាការរត់កម្សាន្ដ និងជិះកង់ជាដើម។
លោកបានបន្ថែមថា «កីឡាប្រពៃណី គឺមានការប្រកួតអុកចត្រង្គ ដែលប្រជុំដោយជើងខ្លាំងទូទាំងប្រទេស មិនតែប៉ុណ្ណោះក៏មានការប្រកួតបុរសខ្លាំងផងដែរ »។
សម្រាប់ លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិបានបន្ថែមថា សម្រាប់ប្រដាល់គុនខ្មែរអន្ដរជាតិ នឹងត្រូវរៀបចំក្រោមស្ដង់ដារមួយ ដែលឆ្លងកាត់ការវាស់ស្ទង់កម្រិតសមត្ថភាពត្រឹមត្រូវ មុននឹងផ្គូរផ្គង់ ។
លោកបានថ្លែងថា កីឡាករ-កីឡាការិនីទាំងអស់មាន ១៩គូ ដែលត្រូវប្រកួតរយៈពេល ៣ថ្ងៃ ហើយក្នុងមួយថ្ងៃក៏មានគូអន្ដរជាតិយ៉ាងតិច២គូ រវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេសទៀតផង ហើយកម្មវិធីនេះ នឹងក្លាយជាផ្នែកមួយធ្វើឲ្យពិធីបុណ្យសមុទ្រកាន់តែទាក់ទាញថែមទៀត ។
ដោយសារការប្រកួតនេះ គឺជាលក្ខណៈអន្ដរជាតិ ហើយអាចមានការចូលរួមទស្សនៈច្រើនពីភ្ញៀវជាតិ-អន្ដរជាតិ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានស្នើឲ្យអាជ្ញាកណ្ដាលនិងចៅក្រមបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការវិនិច្ឆ័យ ដើម្បីផ្ដល់នូវយុត្តិធម៌សម្រាប់អ្នកចូលរួម ពិសេសកីឡាករបរទេស ដើម្បីធានាបាននូវកិត្តិយសជាតិក៏ដូចជាសេចក្ដីថ្លែថ្នូររបស់គុនខ្មែរ ។