រាជធានីភ្នំពេញ៖ នៅសប្តាហ៍កន្លងទៅថ្មីៗនេះ គ្រូបង្វឹកអ្នកជំនួញដ៏មានប្រជាប្រិយនៅកម្ពុជា លោក អោម សេងបូរ៉ា បាននាំ CEO Master Club ទៅពង្រីកខ្លួនចូលដល់ទឹកដីទ្វីបអឺរ៉ុបបន្ថែមទៀត ខណៈដែលលោកបានដឹកនាំគណៈប្រតិភូដឹកនាំក្រុមគ្រួសាររបស់សមាជិកទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី បារាំង និងប្រទេសស្វីស។
លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ថា« បេសកកម្មមួយនេះ បានចាប់ផ្តើមពីថ្ងៃទី១៦ -២៩ ខែធ្នូឆ្នាំ២០១៩ ក្នុងគោលបំណងធំៗចំនួន៤ ទី១.នាំយកយីហោខ្មែរ គឺ CEO Master Club ពង្រីកចូលទៅកាន់ទឹកដីទ្វីបអឺរ៉ុប ទី២.ពង្រីកដៃគូសហការសម្រាប់ការធ្វើអាជីវកម្ម និងបង្កើតឱកាសនៃការនាំចេញ-នាំចូល ពីប្រទេសកម្ពុជា ទៅអឺរ៉ុបផងដែរ»។
លោកបានបញ្ជាក់ទៀតថា« ចំណុចទី៣. សិក្សាអំពីបរិបទ បរិយាកាសរកស៊ី និងទិដ្ឋភាពទូទៅ ក្នុងប្រទេសអភិវឌ្ឍន៍ និងចំណុចទី៤.សិក្សារៀនសូត្រទាក់ទងនឹងការរស់នៅនិងទិដ្ឋភាពនៃពាណិជ្ជកម្មជាច្រើនទៀត»។
ដំណើរទស្សនកិច្ចក្រៅប្រទេសមួយនេះ គឺជាលើកទី៤ ដែលម្ចាស់ពានស្ថាបនិកឆ្នើម លោកអោម សេងបូរ៉ា បានដឹកនាំក្រុមគ្រួសារសមាជិក CEO Mater Club ទៅកាន់តំបន់និងប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក និងមហាយក្សចិន ។
ចាប់តាំងពីការបង្កើត CEO Master Club បានមួយទសវត្សរ៍មកនេះ ក្នុងបេសកកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលោកគ្រូបង្វឹករូបនេះបានជួយដល់សហគ្រិនកម្ពុជានៅទូទាំងប្រទេសឱ្យរីកចម្រើនចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួនជាង ១,១០០នាក់ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន។
បន្ថែមពីនេះបានបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់។