ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអ្នកនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប(EU)នឹងអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនាដើមឆ្នាំ២០២០

រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជាកាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី“ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ធ្វើឡើង ដោយលោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភា​ពាណិជ្ជ​កម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU សរុបជាង២០០រូប។

លោក ពេជ ឬទ្ធី បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងជូនដំណឹងនិងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុននាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបឲ្យបានយល់ដឹងអំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញនិងលក្ខខណ្ឌ​ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តប្រព័ន្ធ(REX)នេះ ដែលពុំធ្លាប់បានចូលរួមសិក្ខាសាលានេះកន្លងមក។

លោក ពេជ ឬទ្ធី បានបន្តទៀតថា សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារ EU ចាប់ផ្តើមអនុវត្តប្រព័ន្ធនេះចាប់ពីដើមឆ្នាំ២០២០តទៅ។ក្នុងសិក្ខាសាលានេះ លោកវាគ្មិនបានពន្យល់យ៉ាងច្បាស់លាស់អំពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប កំណែទម្រង់នីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU)។

ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។

បន្ថែមលើនេះ លោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តា​អ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធនេះនៅដើមឆ្នាំ២០២០។