កងទ័ពជំនាញរបស់ប្រទេសឥណ្ឌា បានបាញ់សាកល្បងបានដោយជោគជ័យនូវមីស៊ីលប្រភេទថ្មី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ដែលជាប្រភេទមីស៊ីល បាញ់ពីដីទៅលើអាកាសក្នុងប្រតិកម្មលឿនបំផុត (Quick Reaction Surface-to-Air Missile ដែល ហៅកាត់ថា QRSAM នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI ។
ប្រភពដដែលបានបន្តថា ការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះ ត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រភាគខាងកើតឥណ្ឌា តាមគម្រោង មេដឹកនាំឥណ្ឌានឹងប្រគល់មីស៊ីលប្រភេទថ្មីនេះទៅឲ្យកងទ័ពរបស់ខ្លួននៅឆ្នាំ២០២១ខាងមុខ ដែលមីស៊ីលនេះអាចវាយប្រហារទៅលើសត្រូវក្នុងប្រតិកម្មក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រ និងអាចវាយប្រហារចំគោលដៅបានល្អបំផុតក្នុងសមរភូមិ ។
សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (India’s Defense Research and Development Organization) ដែលហៅកាត់ថា DRDO បានសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយពហុជំនាញបានដោយជោគជ័យផងដែរ ៕