ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហាញពីគម្រោង វិនិយោគធំៗចំនួន ៩នៅចុងឆ្នាំនេះ បានសម្រេចអនុម័តឲ្យធ្វើការវិនិយោគ ដែលមានតម្លៃទុនសរុបជិត ២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ម៉ឺនកន្លែង។
បន្ទាប់ពីទទួលបានការសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសាង សង់ផ្សារទំនើប AEON Mall 3 ដែលមានទីតាំងស្ថិតនៅមហាវិថីសម្ដេចតេជោ ក្នុងតំបន់អភិវឌ្ឍទីក្រុងរណប ING City នឹងធ្វើការចាប់ផ្តើមបុកគ្រឹះ នៅដើមឆ្នាំ ២០២០ឆាប់ៗខាងមុខនេះ។ តាមគម្រោង ផ្សារទំនើបលំដាប់ពិភពលោក AEON Mall 3 នេះ នឹងចំណាយពេលសាងសង់ត្រឹម២៤ខែស្មើនឹងរយៈពេល២ឆ្នាំឱ្យរួចរាល់ ។
គម្រោងវិនិយោគដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័ត ហើយបានប្រកាសផ្សាយនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា គម្រោងផ្សារទំនើបអ៉ីអន ៣ ដែលវិនិយោគដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គឺនឹងត្រូវ សាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧០កន្លែង ៕