ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្មថា៖ ចិននឹងសិក្សាស្រាវជ្រាវលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា

ភ្នំពេញ ៖  លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ជួបពិភាគ្សាលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) មកពីខេត្ត Gansu ប្រទេសចិន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។

ក្នុងជំនួបនេះ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ព្រមទាំងធ្វើឲ្យប្រសើឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីសម្រាប់វិស័យកសិកម្ម និងការជ្រើសរើសទីតាំងអនុវត្តគម្រោងសាកល្បង ស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡា បូមទឹកក្រោមដីសម្រាប់ស្រោចស្រព នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ។

លោកវេង សាខុន បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹកក្រោមដីមកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដែលអាចកាត់បន្ថយការចំណាយថាមពលអគ្គីសនី កម្លាំងពលកម្ម ក្នុងការពង្រីកការអភិវឌ្ឍវិស័យកសិកម្ម និងនិរន្តរភាពយូរអង្វែង។

លោក Chengxiang MA បានបញ្ជាក់ថា ក្រុមហ៊ុនបានកំពុងតែគៀរគររកជំនួយពីគ្រប់ដៃគូវិនិយោគនៅប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងតាមរយៈគម្រោងអភិវឌ្ឍផ្សេងៗទៀតក្នុងវិស័យនេះ។

លោកChengxiang MAបានស្នើដល់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវការគ្រប់គ្រងទឹកក្រោមដី តាមកន្លែងមួយចំនួន ដូចជា អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងនៅតាមមន្ទីរពិសោធន៍នានាដើម្បីធ្វើការស្រាវជ្រាវ បង្ហាញពីរបកគំហើញបច្ចេកវិទ្យាប្រើប្រាស់ទឹកក្រោមដី សម្រាប់ដំណាំ និងកសិកម្មនៅកម្ពុជា។

ឆ្លើយតបទៅនឹងសំណើនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុនធ្វើការសហការជិតស្និតជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជ្រើសរើសទីតាំងធ្វើមន្ទីរពិសោធន៍ និងមជ្ឈ មណ្ឌលស្រាវជ្រាវនេះ ដើម្បីសហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញឱ្យមានការចុះ MoU ក្នុងពេលឆាប់ៗខាងមុខនេះ៕