ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន៖ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត៣០០០នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)ចំនួន២,៧៩០ នាក់ ក្នុងនោះនារី ១,៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាមនិងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះ មានចំនួនប្រមាណជិត៥៥.០០០( ៥៤,៨៨៩)នាក់នារី ២០,៤០៩នាក់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ១៥៨ នាក់ នារី ៥៣នាក់។ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា កំពុងបម្រើការ ងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

បច្ចុប្បន្នសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ អន្តរជាតិសរុប ៥៨៥នាក់ នារី ១៤៦នាក់ និងនិស្សិតកំពុងសិក្សាសរុប ១៦,២៩៦នាក់ នារី ៨.០៥៩នាក់៕