ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា មានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ចិន៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផល អំពីសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា បង្ហាញដល់វិនិយោគិន ធុរជន និងប្រជា ជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំណុច ប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ នឹងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅពីផលិតផលនាំចេញសក្ដា នុពល បរិយាកាសធុរកិច្ច និងវិនិយោគ ។

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ជាការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យ កើនឡើងជាលំដាប់។ ជាក់ស្ដែង នៅឆ្នាំ២០១៨ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួន ៦,៥ ពាន់លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ ពាន់លានដុល្លារ ។ សម្រាប់ក្នុងឆ្នាំ២០១៩ នេះ ទំហំពាណិជ្ជកម្មសរុបនឹងកើនឡើងដល់ចំនួន ៨,២ ពាន់ លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧% ធៀបនឹងឆ្នាំ២០១៨។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាទី៦ ការបើកមជ្ឈមណ្ឌលបែបនេះ មាននៅទីក្រុងក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និងយានថាយ។

កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពដើម្បីឈានទៅដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងឆ្នាំ២០២០ ខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ ជាបង្កើតនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជននៃប្រទេសទាំងពីរ៕