ភ្នំពេញ៖ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន នឹងពិនិត្យមើលវឌ្ឍនភាពលើការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់សំដៅផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យមានប្រសិទ្ធភាព។
លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការណ៍ និងដឹកជញ្ជូន បាមនបញ្ជាក់បែបនេះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដី ការក្រសួង ក្នុងកិច្ចប្រជុំពីស្ដីពីការងារកសាង ផែនទីបណ្ដាញផ្លូវថ្នល់ និងការគ្រប់គ្រង ដីចំណីផ្លូវថ្នល់ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងមន្ទីររាជធានី-ខេត្តទាំង២៥ ។
កិច្ចប្រជុំនេះដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ ដើម្បី ផលិតចេញជាផែនទីឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារ គ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា សារសំខាន់ជាអាទិភាពនៃការគ្រប់គ្រងដីចំណីផ្លូវ តាមរយៈការ បង្កើតក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងដីចំណីផ្លូវ ការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាល និង ផ្សព្វផ្សាយនានា និងការចូលរួមសហការណ៍ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅគ្រប់គ្រងដីចំណីផ្លូវសម្រាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រក្សាបាននូវសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ និងលើកកម្ពស់ សោភណ្ឌភាពផ្លូវថ្នល់ផងដែរ។
សូមបញ្ជាក់ថា បណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌផ្លូវថ្នល់ឱ្យបានត្រឹមត្រូវ និងធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង តាមរយៈការរៀបចំជាផែនទីបណ្ដាញផ្លូវថ្នល់ឱ្យបានគ្រប់ ជ្រុងជ្រោយ៕