ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារដោយសារភ្លើងឆេះព្រៃ

ក្រុមអាជ្ញាធរជំនាញរបស់ប្រទេសអូស្ត្រាលីបានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃសុក្រ ទី១០ ខែមករានេះថា ប្រទេសនេះបានខាតបង់ទឹកប្រាក់ប្រមាណជាង៤.៤ពាន់លានដុល្លារ​អូស្ត្រាលី ប្រហាក់ប្រហែលនឹងទឹកប្រាក់ជាង១ពាន់៤០០លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។
គិតត្រឹមថ្ងៃសុក្រនេះ មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃដ៏មហន្តរាយនៅតែបន្តឆាប់ឆេះនៅឡើយ ដោយបំផ្លិចបំផ្លាញតំបន់ព្រៃអស់ប្រមាណជាង១០លាន៣សែនហិកតា ស្មើនឹង២៥លាន៥សែអេគ័រ ។
នៅព្រឹកថ្ងៃសុក្រនេះ ភ្នាក់ងារជួយសង្គ្រោះរបស់រដ្ឋាភិបាលអូស្ត្រាលីក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រមាណជាង២៤០០០០នាក់នៅរដ្ឋ វិកតូរីយ៉ា (Victoria state) ភាគខាងត្បូងនៃប្រ​ទេស​នេះអោយចាកចេញពីលំនៅឋាន ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ជាយថាហេតុដែលអាចនឹងកើតឡើងដោយសារភ្លើងឆេះព្រៃនេះ ។
ក្រុមភ្នាក់ងារពន្លត់ភ្លើងព្រៃបាននិយាយថា ភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ប្រមាណជាង២០០០ខ្នង និងរុញច្រានរលកកម្តៅអោយកើនឡើងរហូតដល់លើ​៤០​អង្សាសេ ស្មើនឹង១០៤អង្សាហ្វារិនហៃ ៕