ធនាគារ អេស៊ីលីដាបានរៀបចំកម្មវិធីសិក្ខាសាលានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះស្តីពី “ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ”។
សូមរំលឹកថា កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ធនាគារអេស៊ីលីដា ភីអិលស៊ីបានទទួលលិខិតពីធនាគារជាតិនៃកម្ពុជាដែលអនុញ្ញាតឲ្យធនាគារបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ធនាគារ អេស៊ីលីដា ភីអិលស៊ីនឹងក្លាយជាធនាគារពាណិជ្ជទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) បង្កើតបាននូវសករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់សាធារណជនក្នុងការចូលរួមវិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីត្រូវបានចាត់ទុកជា”ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ”ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គលនិងសាធារណជនក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន។