ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញឲ្យសហគមន៍ ពង្រីកសមាជិកភាព និងផ្ទៃដីដាំដុះ

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា អមដំណើរដោយ លោកយន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល បានចុះពិនិត្យ ការប្រមូលផលស្រូវប្រាំងពូជសែនក្រអូបរបស់ សហគមន៍កសិកម្មកំពង់ប្រាសាទ មានទីតាំងនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

សហគមន៍អភិវឌ្ឍន៍កសិកម្មកំពង់ប្រាសាទ ដែលមានសមាជិកផលិតស្រូវ ពូជសែនក្រអូបចំនួន២៦ គ្រួសារ លើផ្ទៃដី ចំនួន ៥៦.៤១ហិកតា ដែលក្នុងនោះទិន្នផលមួយហិកតាបានចំនួន៥តោន ទិន្នផលសរុប ស្នើរ ២៨២ តោន។

ដើម្បីជួយលើកកំពស់ដល់យន្តការកិច្ចសន្យាកសិកម្ម និងមានសំណូមពរពី សហគមន៍ រោងម៉ាស៊ីនកិនស្រូវ Amru rice បានទទួលទិញពីសហគមន៍ទាំងអស់ ក្នុងតំលៃមួយគីឡូ១១៩០រៀល ទោះបីសហគមន៍មិនបានចុះកិច្ចសន្យាពីដើមទីមកក៏ដោយ តែជាចំនុចចាប់ផ្តើមសំរាប់រដូវកាលក្រោយទៀត ហើយតំលៃនេះគឺថ្លៃជាង ទីផ្សារ ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក៍ជំរុញឲ្យសហគមន៍ ពង្រីកសមាជិកភាព និងផ្ទៃដីដាំដុះ ឲ្យបានដល់ ២០០ ហិកតា។ ឆ្លើយតបនឹងសំណូមពររបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សឿ សាខន ប្រធានសហគមន៍កសិកម្មកំពង់ប្រាសាទ ក៏បានថ្លែងអំណរគុណ ដល់ប្រធាន និងសមាជិកក្រុមប្រឹក្សារភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះមកដល់វាលស្រែផ្ទាល់ថ្ងៃនេះ ហើយនឹងផ្តាច់ជ្ញាចិត្តជំរុញការបង្ករបង្កើនផល ស្រូវសែនក្រអូបឲ្យបាន២០០ហិកតានៅរដូវការដាំដុះក្រោយទៀត។

ការដាំដុះរបស់សហគមន៍កំពង់ប្រាសាទ នេះជាលើកទីមួយនៃការជ្រើសរើសពូជ សែនក្រអូប បន្ទាប់ពីបានការផ្តល់យោបល់ពី លោក យន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការស្ខែងរកគ្រប់ពូជសុទ្ធ និង របៀប លាងសំអាតគ្រាប់ពូជមុនព្រួស និងការថែទាំស្រែផងដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវ ដល់សហគមន៍ ដែលមិនទាន់មានដៃគូរ កិច្ចសន្យាកសិកម្ម សូមរកដៃគូរ ឬ ទាក់ទងមកសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បី ជួយសំរបសំរួលជូន។ កិច្ចសន្យាកសិកម្ម និងជួយដល់សហគមន៍ លើពត័មានទីផ្សារ ដែលត្រូវការ គុណភាព និង តំលៃសមរម្យ ៕