ក្រុមវិស្វកររបស់ប្រទេសជប៉ុន បានដាក់បង្ហាញមនុស្សយន្តមួយដ៏ទំនើប ដែលអាចប្រែកាយពីមនុស្សយន្តទៅជារថយន្ត ដែលមនុស្សអាចបើកបរបាន និងអាចប្រែកាយពីរថយន្តមកជាមនុស្សយន្តវិញក៏បាន ។
លោកកេនជី អ៊ីស៊ីដា អ្នកជំនាញខាងបច្ចេកទេសផលិតមនុស្សយន្តនេះ បានឲ្យដឹង ថា មនុស្សយន្តនេះមានកំពស់៣.៧ ម៉ែត្រ ស្មើនឹង១២.១ហ្វីតនិងអាចធ្វើដំណើរបានក្នុងល្បឿនប្រហែល១០០ម៉ែត្រ ក្នុងមួយម៉ោង ។
លោក កេនជី អ៊ីស៊ីដា បានបន្ថែមថា មនុស្សយន្តប្រែកាយនេះ អាចមានតម្លៃក្នុងរង្វង់២៤០០០ដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយក្រុមវិស្វករជប៉ុន នឹងផលិតមនុស្សយន្តប្រភេទនេះក្នុងរង្វង់១០គ្រឿងនៅឆ្នាំនេះ ។
ប្រតិបត្តិការផលិតមនុស្សយន្តប្រែកាយនេះ បានចាប់ផ្តើមឡើងចាប់តាំងពីឆ្នាំ ២០០២កន្លងមក ។ ប៉ុន្តែកាលពីដំបូង ប្រតិបត្តិការផលិតមានដំណើរយឺតយ៉ាវ ដោយសារតែមានបញ្ហាផ្នែកបច្ចេកទេស និងបញ្ហាផ្សេងទៀត ៕