អ្នកនាំពាក្យរបស់ពួកឧទ្ទាមតាលីបង់នៅប្រទេសអាហ្វហ្កានិស្ថាន បានប្រកាសនៅថ្ងៃសុក្រ ទី១៧ ខែមករានេះថា ខ្លួននឹងអនុវត្តបទឈប់បាញ់រយៈពេល១០ថ្ងៃជាមួយកងទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសនេះ ដើម្បីចរចាជាមួយរដ្ឋាភិបាល អាហ្វ ហ្កានិស្ថាន ។ នេះបើតាមការចុះផ្សាយរបស់ BBC ។
ការប្រកាសនេះត្រូវបានធ្វើឡើងក្រោយពីពួកឧទ្ទាមតាលីបង់បានជួបចរចារយៈពេលពីរថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះជាមួយក្រុមតំណាងរបស់សហរដ្ឋអាមេរិកនៅទីក្រុងដូហា ប្រទេសកាតា ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ុាំរ៉ៃអស់រយៈពេលជិត២០ឆ្នាំនៅប្រទេសអាហ្វហ្កានិស្ថាន ។
សូមបញ្ជាក់ថា សង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថានបានឆាបឆេះឡើងចាប់តាំងពីឆ្នាំ២០០១ ក្រោយអាមេរិកបានវាយប្រហារទម្លាក់រដ្ឋាភិបាលតាលីបង់ និងបង្វែរពួកឧទ្ទាមនេះឲ្យទៅជាពួកឧទ្ទាមវាយប្រហារជាមួយកងកម្លាំងរដ្ឋាភិបាល និងកងទ័ពអាមេរិកមិនទាន់ចប់នៅឡើយ ។
សហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់បានជួបចរចាចំនួន៣លើករួចមកហើយនៅប្រទេសកាតា ដោយពួកឧទ្ទាមបានទាមទារអាមេរិក ឲ្យដកកងកម្លាំងទ័ពបរទេសចេញឲ្យអស់ពីអាហ្វហ្កានិស្ថាន ប៉ុន្តែអាមេរិកនៅអល់អែកមិនហ៊ានដកកងទ័ពចេញ ៕