រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសកាតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនតូតាល់របស់ប្រទេសបារាំង និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងគម្រោងសាងសង់រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនៅប្រទេសកាតា ដែលមានឈ្មោះថា Kharsaah ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg ។
រដ្ឋមន្ត្រីដដែលបាននិយាយថា គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ខាងមុខនៅមុនការប្រកួតបាល់ទាត់ពិភពលោក ដែលមានលទ្ធភាពផលិតថាមពលប្រមាណជាង៨០០ម៉េហ្កាវ៉ាត់ ស្មើនឹង១០%នៃតម្រូវការប្រើប្រាស់ថាមពលនៅក្នុងប្រទេសនេះ ។
សូមបញ្ជាក់ថា កាតាជាប្រទេសមួយនៅតំបន់មជ្ឈិមបូព៌ា ដែលពឹងផ្នែកខ្លាំងលើថាមពលឥន្ធនៈ និងឧស្ម័ន ។ ប៉ុន្តែក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ កាតាបានងាកទៅរក គម្រោងផលិតថាមពល ដើរដោយពន្លឺព្រះអាទិត្យ និងថាមពលនុយក្លេអ៊ែរ ខណៈដែលអារ៉ាប់រួម ដែលជាប្រទេសក្នុងតំបន់ដូចគ្នា មានថាមពលដើរដោយនុយក្លេអ៊ែររួចហើយនោះ៕