ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ២នាក់ ឲ្យតុលាការដាក់គុក ករណីធ្វើទារុណកម្មឲ្យមនុស្សស្លាប់

(ភ្នំពេញ)៖ នៅថ្ងៃទី១៩​​​ ខែមករា ឆ្នាំ២០២០ កងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបញ្ជូនខ្លួន​​​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ឲ្យលាការចាត់ការតាមផ្លូវច្បាប់ ករណីធ្វើទារុណកម្មអ្នកតវ៉ាដីធ្លីម្នាក់រហូតដល់ស្លាប់ ក្នុងពេលឃុំខ្លួនបណ្តោះអាសន្ន។

សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា លោកវរសេនីយឯក ស ប៊ុនសឿង ជាមេបញ្ជារងកងរាជអាវុធហត្ថខេត្ត និងលោកអនុសេនីយទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន ត្រូវក្រុមសើបអង្កេតពិសេសរកឃើញថា មានជាប់ពាក់ព័ន្ធការធ្វើទារុណកម្មបុរស ឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់។

សូមរំឭក លោក ទុយ ស្រស់ គឺជាតំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២០ គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួនជាមួយប្រជាពលរដ្ឋ៣នាក់ទៀត រួចយកទៅដាក់ក្នុងកន្លែងឃុំឃាំង​របស់ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ ក្រោយមកត្រូវបានបញ្ជូន​បន្ត​ទៅ​ដាក់គុកក្នុងពន្ធនាគារ​ខេត្ត ជាទីដែលលោកបានស្លាប់។

វិធានការផ្លូវច្បាប់នេះ ក្រោយពីសម្តេចតេជោ ហ៊ុន​​​ សែន នាយករដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត៦​ពាន់​នាក់ បានចេញបទ​បញ្ជា​ឲ្យ​គណៈកម្មការសិទ្ធិមនុស្សកម្ពុជា សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស្រាវជ្រាវ​ករណី​មាន​មនុស្ស​ស្លាប់ ក្នុង​ពន្ធនាគារ ដោយសារ​ការធ្វើ​ទារុណកម្ម នៅ​ខេត្តបន្ទាយមានជ័យ​៕