ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី
តាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិត ផលខ្មែរ ឆ្នាំ២០២០” ។
ចាប់ពីថ្ងៃទី០៥-០៨ ខែមីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ដល់ថ្ងៃអាទិត្យ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហា ជនទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិ បរិមា ។
ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។
ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក-លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធា រណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារ ទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍ លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទទាក់ទង៖ ០៧៧ ៣៣៩ ៤៣៩ ឬ ០១៧ ៥៥៩ ២៧៧ ឬ
០១៧ ៤៩៥ ០៩១
អាសយដ្ឋានអ៊ីម៉ែល៖ neary86@gmail.com ឬ vitholt@yahoo.com ឬ kdi_mpp@yahoo.com ៕