ប្រជាកសិករនៅខេត្ត ក្វាងទ្រី (Quang Tri) ប្រទេសវៀតណាម បានប្រែក្លាយផ្ទៃដីដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទៅជាចំការដំណាំម្រេចដ៏ធំល្វឹងល្វើយ ដែលអាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលនេះបើតាមចុះផ្សាយរបស់ AP ។
ប្រជាកសិករអាចរកប្រាក់ចំណូលបានប្រមាណជាង១៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការប្រកបមុខរបរដាំដំណាំម្រេច ក្រោយពីក្រុមអាជ្ញាធរបានប្រមូលគ្រាប់មិនទាន់ផ្ទុះចេញអស់ពីតំបន់មួយចំនួនក្នុងខេត្តនេះ ។
លោក ង្វៀន វ៉ាន់ថេប (Nguyen Van Thiep) ប្រជាកសិករដាំម្រេចបាននិយាយថា ចំការម្រេចនេះគឺសម្បូរទៅដោយគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកកាលពីសម័យសង្គ្រាមវៀតណាម និងសហរដ្ឋអាមេរិក ។
នៅពេលបច្ចុប្បន្ននេះ ផ្ទៃដីនៅក្នុងខេត្ត ក្វាងទ្រីទាំងមូល ត្រូវបានសម្អាតគ្រាប់មិនទាន់ផ្ទុះបានប្រមាណ៨០%ហើយ ហើយផ្ទៃដីដែលសម្អាតរួច គឺត្រូវបានដាំដំណាំម្រេចស្ទើរតែទាំងអស់ ។
មន្ត្រីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបាននិយាយថា មនុស្សប្រមា ណជាង១០០០០០នាក់បានស្លាប់និងរបួស ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ចាប់តាំងពីឆ្នាំ១៩៧៥រហូតដល់បច្ចុប្បន្ននេះ ៕