ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

DJ ឡាយ អិននិងបក្ខពួក៣នាក់ត្រូវបានតុលាការផ្តន្ទាទោសពី៤ឆ្នាំទៅ១៥ឆ្នាំករណីលក់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក

តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមសំណុំរឿង DJ ឡាយ អិន និងបក្ខពួក ដែលបាន​​​ជួញដូរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តរ៉ុករបស់លោកឧកញ៉ា គិត ធាង កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។
យោងតាមសាលក្រមព្រហ្មទណ្ឌរបស់លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទគឺ ទី១-ឈ្មោះ ហែម បូរិទ្ធ ហៅ DJ ឡាយ អិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ DJ ស្នាក់នៅផ្ទះ លេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធ​នាគារក្នុងម្នាក់ៗរយៈពេល ៤ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ៦លានរៀលដាក់ចូលថវិការដ្ឋ។
ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដាក់ពន្ធនាគារកំណត់រយៈពេល ១១ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ២០លានរៀល ចូលជាថវិការដ្ឋ។
ទី៤-ឈ្មោះ ស៊ិន សម្ភស្ស ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅ ភូមិ៤ សង្កាត់បឹងស្រឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥​ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀលចូលជាថវិការដ្ឋ។
ជនជាប់ចោទទាំង ៤នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាប់អាវុធដោយខុសច្បាប់ ប្រព្រឹត្តកាល​ពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ១០៨ នៃមជ្ឈមណ្ឌលកម្សាន្ត រ៉ុក ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ និងដកហូតបានវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ហៅម៉ាទឹកកក ទម្ងន់ ៣៧៤.៣៩ ក្រាម, គ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី ចំនួន ១,៥៦២ គ្រាប់ មានទម្ងន់ ៦០៩.៣៣ក្រាម, អាវុធខ្លីម៉ាកឡុកចំនួន ០១ដើម, ជញ្ជីងថ្លឹងគ្រឿងញៀនធំចំនួន ១គ្រឿង និងជញ្ជីងថ្លឹងគ្រឿងញៀនតូចចំនួន ២គ្រឿង៕