ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។
ការវិនិយោគរបស់ប្រទេសជប៉ុនផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្តនិងសម្ភារៈបរិក្ខារបច្ចេកទេសកសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
រដ្ឋមន្រ្តីពាណិជ្ជកម្មបន្តទៀតថា សន្តិភាពគឺជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ។
លោករដ្ឋមន្រ្តីបានបន្ថែមថា « ជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្ដើមចេញពីនោះ តម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាក៏មានការកើនឡើងរាប់ទាំងតម្រូវការប្រើប្រាស់យានយន្តជាមធ្យោបាយធ្វើដំណើរ។ ដូច្នេះសូមអរគុណសន្តិភាពនិងការអភិវឌ្ឍ»។
តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដោយបានបង្កើតយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។
កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណជាង ១,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្ដានុពលមួយចំនួន មានដូចជាសម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីស៊ូឡង់ និងបរិក្ខារអគ្គិសនី ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក។
ជប៉ុនបាននាំចូលមកកម្ពុជានូវទំនិញសក្តានុពល ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ និងផលិតផលប៉្លាស្ទិចជាដើម មានទំហំទឹកប្រាក់ប្រមាណ ៥០៩ លានដុល្លារអាមេរិក។
ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ៧% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង។ កំណើននៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ ប្រមាណពី ១.៥៤៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១.៦៧៩ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។